លោក ស៊ុន ចាន់ថុល ជំរុញឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស សហការគ្នាផ្សព្វផ្សាយពីសមិទ្ធផលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ រស់នៅក្នុងទីក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា។ទន្ទឹមគ្នានេះ លោក ក៏បានបន្តជំរុញ និងអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សហការគ្នាផ្សព្វផ្សាយពីសមិទ្ធផលកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីកាណាដាទៅកម្ពុជាបានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសកាណាដាកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កិច្ចសំណេះសំណាលនេះ គឺដើម្បីបន្តការទាក់ទាញ និងជំរុញវិនិយោគពីកាណាដាទៅកម្ពុជាបានកាន់តែច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ពាសពេញផ្ទៃប្រទេស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនជាដើម។ ទន្ទឹមគ្នានេះ លោកក៏បានបន្តអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរទាំងអស់សហការគ្នាផ្សព្វផ្សាយសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងនាពេលបច្ចុប្បន្នផងដែរ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសថា តាមរយៈជំនួនបងប្អូនពលរដ្ឋខ្មែរនៅកាណាដានាពេលនោះ ឃើញថា ពលរដ្ឋដែលបានចូលរួមទាំងអស់បានបង្ហាញភាពសប្បាយរីករាយចំពោះភាពរីកចម្រើនលូតលាស់នៃសង្គមជាតិកម្ពុជា ក្រោយពីបានស្ដាប់ប្រសាសន៍របស់ប្រតិភូកម្ពុជាដោយផ្ទាល់ ពិសេសជាងនេះបងប្អូនពលរដ្ឋខ្មែរក៏បានជូនពរឱ្យដំណើរបេសកកម្មរយៈពេលប្រមាណ ២សប្ដាហ៍នេះទទួលបានលទ្ធផលជោគជ័យថែមទៀត។

សូមរម្លឹកដែរថា គិតមកដល់ពេលនេះ ដំណើរចេញទៅគោះទ្វារវិនិយោគនៅប្រទេសពិសេសសហរដ្ឋអាមេរិក និងកាណាដា ពីសំណាកប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឃើញថាទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ រង្សី