យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយនៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះថា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Shigeru Ishiba នឹងរៀបចំបោះឆ្នោតសកលមុនអាណត្តិ នៅចុងខែតុលាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
លោក Ishiba វ័យ ៦៧ឆ្នាំ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ។
ទន្ទឹមនឹងនេះ បើតាមទូរទស្សន៍សាធារណៈ NHK រួមទាំងកាសែតជាតិសំខាន់ៗ បានឲ្យដឹងទៀតថា លោក Ishiba កំពុងបញ្ចប់ផែនការរំលាយសភានៅថ្ងៃទី៩ ខែតុលា ខាងមុខ មុនការបោះឆ្នោតសកលមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា។
គួរឲ្យដឹងថាកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Ishiba បានបង្ហើបថា លោកចង់រៀបការចំបោះឆ្នោតសកលមួយ ដើម្បីពង្រឹងអាណត្តិរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះឡើយ។
ជម្រាបថា អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានជំនួសតំណែងលោក Fumio Kishida ក្នុងនាមជាមេដឹកនាំបក្ស LDP ដែលបានប្រកាសដើរចេញពីតំណែង ក្រោយទទួលរងការរិះគន់ជាច្រើន បន្ទាប់ពីមានរឿងអាស្រូវពុករលួយនៅក្នុងបក្ស៕