អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស យល់ឃើញថា អ្នកប្រកបអាជីវកម្មពិតប្រាកដ រាប់ថាមានតម្លៃសម្រាប់ជាតិ ព្រោះថាគេនឹងមិនគិតពីចង់បានលុយ ចង់បានមុខមាត់ និងភាពមានបានផ្ទាល់ខ្លួននោះទេ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជារូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ លើកជាសំណួរថា «ហេតុអ្វីអ្នកធ្វើអាជីវកម្មត្រូវគិតពីប្រទេសជាតិ» ?
អ្នកឧកញ៉ា ពន្យល់ថា អ្នកប្រកបអាជីវកម្មពិតប្រាកដ ដែលអាចរាប់ថាមានតម្លៃសម្រាប់ប្រទេសជាតិ មិនមែនគិតតែចង់បានលុយ ចង់បានមុខមាត់គ្រួសារ និងភាពមានបានផ្ទាល់ខ្លួននោះទេ។ ពួកគេគួរគិតគូរដល់ភាពមានបានរបស់ប្រទេសជាតិខ្លួនឯង ហើយអ្នកប្រកបអាជីវកម្មលំដាប់ណាក៏ដោយ យើងត្រូវតែមានមនសិការស្រឡាញ់ជាតិ និងចង់ចូលរួមអភិវឌ្ឍន៍ជាតិ។
អ្នកឧកញ៉ា បន្ថែមថា បើអ្នកមានស្រុកខ្មែរមានផ្នត់គំនិតស្រឡាញ់ជាតិ ចង់អភិវឌ្ឍន៍ជាតិ នោះសេដ្ឋកិច្ចជាតិច្បាស់ជាមានសង្ឃឹមរីកលូតលាស់បានឆាប់រហ័ស ព្រោះពួកគាត់សុទ្ធតែជាបុគ្គលមានសមត្ថភាព មានធនធាន និងមានលទ្ធភាព។
សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕