មួយរយៈចុងក្រោយនេះ នៅពេលដែលវិស័យអចលនទ្រព្យរងនូវផលប៉ះពាល់ មានព័ត៌មានជាច្រើន បានលេចចេញជាបន្ដបន្ទាប់ ជាពិសេសព័ត៌មាននៃការទិញដីខ្យល់ ឬការទិញដីមិនបានដី ទិញអចលនទ្រព្យមិនបានអចលនទ្រព្យ។ ត្រង់បញ្ហានេះ អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា ទាំងនេះមិនមែនការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺជាការដាក់លុយដើម្បីទទួលបានការប្រាក់។
ផ្ដល់បទសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា បងប្អូនមួយចំនួនតែងមានការយល់ច្រឡំថា ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ ដើម្បីបានការប្រាក់ច្រើន ជាការវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្ដែនេះមិនមែនជាការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ។
អ្នកឧកញ៉ា បានបន្ដថា ក្រុមហ៊ុនមួយចំនួនបានរងនៅផលប៉ះពាល់ជាច្រើន នៅពេលដែលវិបត្តិអចលនទ្រព្យបានកើតមានឡើងនៅក្នុងប្រទេស បណ្ដាលឱ្យក្រុមហ៊ុនទាំងនោះ គ្មានចលនានៃការទិញលក់ បាត់បង់ហិរញ្ញវត្ថុ គ្មានលុយសម្រាប់ផ្ដល់ជាការប្រាក់ដល់ប្រជាពលរដ្ឋ ឬអ្នកវិនិយោគជាមួយគាត់វិញ។
អ្នកជំនាញរូបនេះ បានបន្ថែមថា វិបត្ដិលើវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុនណាមួយ បានជះឥទ្ធិពលមិនល្អនោះទេ ដល់អ្នករកស៊ីលើវិស័យនេះក្នុងប្រទេសទាំងមូល ព្រោះថា នៅពេលដែលមានលេចលឺព័ត៌មានមិនល្អពីវិស័យអចលនទ្រព្យក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគមកពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយគិតអវិជ្ជមានទៅលើវិស័យអចលនទ្រព្យ ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់យើង។ ម្យ៉ាងវិញទៀតដោយសារតែព័ត៌មានមិនល្អទាំងនេះ បានក្លាយជាកត្ដាលីករជំរុញបង្អាក់សកម្មភាពនៃការចង់ចូលមកវិនិយោគ របស់វិនិយោគគិនក្រៅស្រុក។
លោកឧកញ៉ាគូសបញ្ជាក់ថា ប្រសិនបើសមាជិកណាមួយនៅក្នុងគ្រួសារជួបនៅបញ្ហា គឺនឹងអាចធ្វើឱ្យមានផលប៉ះពាល់ទៅលើក្រុមគ្រួសារទាំងមូល យ៉ាងណាមិញនៅក្នុងប្រទេសមួយ កាលណាក្រុមហ៊ុនណាមួយជួបនៅបញ្ហា ជួបនៅផលលំបាកផ្នែកហិរញ្ញវត្ថុ ឬជួបនឹងបញ្ហាប្រឈមទៅលើផ្លូវច្បាប់ដែលនាំឱ្យមានការជាប់ពន្ធធនាគារ ឬគ្មានលទ្ធភាពសងប្រាក់ ឬការប្រាក់ឱ្យអ្នកវិនិយោគ គឺនឹងរងផលប៉ះពាល់ដល់វិស័យអចលនទ្រព្យរបស់កម្ពុជាទាំងមូល ទោះបីមិនប៉ះពាល់ដោយផ្ទាល់ ក៏ប៉ះពាល់ដោយប្រយោលដែរ។
ជាមួយនឹងការព្រួយបារម្ភ លោកឧកញ៉ា សំ សុខនឿនថា ខ្ញុំតែងតែចែករំលែកចំណេះដឹងលើវិស័យអចលនទ្រព្យនេះលើបណ្ដាញសង្គមជាច្រើនហូរហែមកហើយ ហើយខ្ញុំមិនចង់ឱ្យក្រុមហ៊ុនណាមួយ អ្នកវិនិយោគណាមួយ រងផលប៉ះពាល់ ឬជួបវិបត្តិ ជាមួយនឹងវិស័យអចលទ្រព្យនោះទេ៕