លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ថ្លៃស្រូវនៅឆ្នាំនេះនៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់ថ្លៃរហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។
លោកលើកឡើងបែបនេះ តាមរយៈវីដេអូបង្ហាញដោយក្រសួងកសិកម្ម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ដើម្បីឆ្លើយតបទៅនឹងព័ត៌មានមួយចំនួនដែលថាស្រូវមានបញ្ហាទីផ្សារ ធ្លាក់ចុះយ៉ាងខ្លាំង។
ក្នុងនោះ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា បើសិនប្រៀបធៀបនឹងខែកញ្ញាដូចគ្នាក្នុងឆ្នាំកន្លងទៅ ថ្លៃស្រូវជាធម្យមនៅក្នុងឆ្នាំនេះស្ថិតក្នុងកម្រិតធម្មតានៅឡើយ។ ដែលក្នុងនោះ ថ្លៃស្រូវសែនក្រអូបខ្ពស់ជាងឆ្នាំមុនបន្តិច ហើយចំណែកឯស្រូវ OM ទាបជាងឆ្នាំមុនបន្តិចវិញ។
លោកបន្តថា ទោះបីជាមិនបានថ្លៃខ្ពស់ដូចករណីពិសេសកាលពីឆ្នាំ២០២៣ក៏ដោយ តែក៏នៅតែជាតម្លៃមួយសមរម្យ ដែលកសិករអាចទទួលបាននូវប្រាក់ចំណេញ ហើយនៅតែខ្ពស់ជាងថ្លៃស្រូវកាលពីខែកញ្ញា ឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ។
លោកក៏បានបន្ថែមថា ដោយឡែកយើងក៏ឃើញមានបញ្ហាស្រូវធ្លាក់ថ្លៃទាបជាងថ្លៃមធ្យមផងដែរ នៅកន្លែងមួយចំនួនទៅតាមកម្រិតនៃគុណភាពស្រូវដូចជា ករណីស្រូវមិនទាន់ទុំល្អ ស្រូវសើមខ្លាំង ដែលប្រញាប់ច្រូតដោយសារតែមានការព្រួយបារម្ភពីកត្តាទឹកជំនន់ ការចង់បញ្ចប់នូវការប្រមូលផលឱ្យបានមុនបុណ្យភ្ជុំមកដល់ជាដើម។ស្រូវមានគុណភាពប្រភេទបែបនេះ គឺទទួលបានថ្លៃទាបជាងស្រូវស្តង់ដាររហូតដល់ទៅ២០% តែទោះជាយ៉ាងណាក៏ដោយក៏មិនមែនជាករណីទូទៅនោះទេ។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈមន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចាំដោះស្រាយបញ្ហាជូនបងប្អូនប្រជាកសិករដែលជួបបញ្ហាថ្លៃស្រូវទៅតាមគុណភាពជាក់ស្តែងរបស់ស្រូវផងដែរ។
បើតាមឈ្មួញទិញស្រូវក្នុងខេត្តពោធិ៍សាត់ បាត់ដំបង លោក វី ឡៃ បានឱ្យដឹងផងដែរថា តម្លៃស្រូវមុនភ្ជុំបិណ្ឌ និងអំឡុងពេលភ្ជុំបិណ្ឌ គឺមានការធ្លាក់ចុះឆ្ងាយ បើធៀបនឹងឆ្នាំមុន។លោកថា បើគិតត្រឹមថ្ងៃទី២៩ កញ្ញា តម្លៃស្រូវ ១គីឡូ ចន្លោះពី១០២០រៀល ទៅ១០៥០រៀល (សម្រាប់ស្រូវស្រង៉ែ) ចំណែកប្រភេទស្រូវបីខែ(ស្រង៉ែស្រាល) និង OM ១គីឡូ តម្លៃចន្លោះ ៩០៨០ ទៅ១០០០រៀល។
លោកបានបន្តថា តម្លៃស្រូវចុះនេះមិនមែនមិនមានអ្នកទិញនោះទេ ដោយសារកសិករច្រូតច្រើនពេក បណ្តាលឱ្យរកឡសម្ងួតមិនបាន រោងម៉ាស៊ីនក្នុងស្រុកឈប់សម្រាក។ម្យ៉ាងទៀត គុណភាពស្រូវឆ្នាំនេះ ក៏មានការធ្លាក់ចុះជាងឆ្នាំមុន ផងដែរ ដូចជា ច្រូតស្រូវនៅសើមជាដើម។
លោក វី ឡៃ បានបន្ថែមថា តម្លៃស្រូវឆ្នាំនេះហើយនឹងឆ្នាំមុន ខុសតម្លៃគ្នាឆ្ងាយ ពោលឆ្នាំមុនតម្លៃជាង១២០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះតម្លៃត្រឹមតែចន្លោះ១០០០រៀល ទៅ១១០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
តែទោះបីជាយ៉ាងណា ក៏លោកបញ្ជាក់ថា កសិករនៅតែអាចទទួលផលចំណេញបាន មិនមានការខាតដើមនោះទេ តែគ្រាន់តែចំណេញតិចជាងឆ្នាំមុនប៉ុណ្ណោះ។ឧទាហរណ៍ ស្រូវដែលប្រើពូជសុទ្ធ ក្នុងមួយហិកតា អាចប្រមូលផលបាន៥តោន លក់បាន៥លានរៀល ក្នុងនោះអាចចំណេញបាន២លានរៀល។
បើតាមឈ្មួញរូបនេះ បានអះអាងថា តម្លៃស្រូវពេលក្រោយភ្ជុំបិណ្ឌហើយ ថ្លៃមិនក្រោម១០០០រៀលនោះទេ ក្នុងមួយគីឡូក្រាម ចំពោះស្រូវគុណភាព៕