ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ។ទន្តឹមគ្នានេះ សម្តេចធិបតី ក៏បានចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ Gumball 3000 នេះ គឺផ្ដល់អត្ថប្រយោជន៍ ៣យ៉ាងដល់កម្ពុជា។
នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា ក្នុងនោះមាន៖ ១. ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក។ ២.ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង ៣. បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបជាមួយសម្តេច លោកអ្នកឧកញ៉ា លាង ឃុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាថា ព្រឹត្តិការណ៍នេះ គឺទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី