វិនិយោគិនកម្ពុជា និងកាណាដា យល់ព្រមចាប់ដៃគ្នាជំរុញកំណើនការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

វិស័យរដ្ឋ និងឯកជននៃប្រទេសកម្ពុជានិងកាណាដា បានឯកភាពគ្នាសហការជំរុញវិស័យវិនិយោគទុន និងសេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជារួមមានអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់,តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា,តំណាងសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំតុមូលជាមួយ តំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងរ៉េអាល់, និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងរ៉េអាល់ និងអង្គភាព Investissement Québec International របស់កាណាដា។

ជំនួបដ៏សំខាន់នេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដាដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំតុមូលដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាងរដ្ឋបាលខេត្តកេបិចក្នុងនាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចពិភាក្សាទ្វេភាគី ដែលជាលទ្ធផលបានឯកភាពនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើការរៀបចំកិច្ចសហការនានាដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងរ៉េអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។

សូមជម្រាបជូនផងដែរថា នេះគឺជាអនុស្សារណៈទី៤ហើយដែលត្រូវបានចុះក្រោមអធិបិតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដានាឱកាសនេះ៕