សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម។ នេះបើតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចធិបតី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីសម្រេច សមាសភាពគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្ដខ្មែរក្រោម មានចំនួន២២នាក់ ក្នុងនោះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន គឺជាប្រធាន និងមានអនុប្រធានអចិន្រ្ដៃយ៍ អនុប្រធាន ចំនួន៤នាក់ ព្រមទាំងសមាជិកចំនួន១៧នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្ដខ្មែរក្រោម មានភារកិច្ចដូចជា៖ ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្ដខ្មែរក្រោម ឱ្យប្រព្រឹត្ដទៅស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្ដទៅបានល្អប្រសើរ។ ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម។

បន្ថែមពីនោះទៀត ក៏មានភារកិច្ចក្នុងការលើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្ដភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕