យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី ០១ តុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន៦៩ ៩៨៥០ នាក់ និងទទួលបានទឹកប្រាក់ចំនួន ៣២ ៥២២ ៧៣០លានដុល្លារ ។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៩,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំនួនទឹកប្រាក់ដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ៣០,៣២ភាគរយ ។
សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ មានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន៤៧៩៩៣នាក់ កើន១៦,៩២ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ២ ១៨៨ ៥០១ ដុល្លារកើន១៧,៤៤ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរយៈពេល៩ខែ មានទឹកប្រាក់ជិត២១ម៉ឺនដុល្លារ និងការលក់សំបុត្រទូកបានចំនួនជាង៥៥ម៉ឺនដុល្លារផងដែរ៕