រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណជិត ១.៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។
តាមរយៈរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍បានបង្ហាញថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ១,៧៤៨,៩៨៦នាក់ និងទេសចរបរទេសសរុប ៣៧,០៩១នាក់ (សរុប១,៧៨៦,០៧៧នាក់ ឬជិត១.៨លាននាក់)។
របាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរថា ភ្ញៀវទេសចរដែលបានដើរកម្សាន្តទៅកាន់ខេត្ដចំនួន៥ មានចំនួនច្រើនជាងគេ គឺ៖ ខេត្ដបាត់ដំបង មានភ្ញៀវទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ២១៥,៥៥៩នាក់ និងទេសចរបរទេស ៦២០នាក់។ ខេត្ដសៀមរាប មានភ្ញៀវទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៧៣,០០០នាក់ និងទេសចរបរទេស ៧,៨៩៣នាក់។ ខេត្ដព្រះសីហនុ មានភ្ញៀទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៦៥,៥៩៥នាក់ និងទេសចរបរទេស ៤,៩១៨នាក់។ ខេត្ដកំពង់ឆ្នាំង មានភ្ញៀវទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១៥៣,៧៩២នាក់ និងទេសចរបរទេស ១១៩នាក់។ និងខេត្ដកំពត មានភ្ញៀវទេសចរជាតិនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ១២៣,៣៣០នាក់ និងទេសចរបរទេស ៥៧៨នាក់៕