ប្រសិនបើអ្នក ជាអ្នកស្រលាញ់រថយន្តប្រភេទបែប Classic ឬកម្រ នោះ អ្នកប្រហែលជាធ្លាប់បានស្គាល់ ឬលឺឈ្មោះកំពូលអ្នកប្រមូលរថយន្តទុក ដូចជា Jay Leno ឬស្តេចស៊ុលតង់ព្រុយណេ ជាមិនខាន។ ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេថា តើបុគ្គលទាំងនេះប្រមូលរថយន្តទុកបានចំនួនច្រើនប៉ុណ្ណា ហើយមានតម្លៃសរុបប៉ុន្មាន?
ជាក់ស្តែងខាងក្រោមនេះ យើងនឹងណែនាំឲ្យស្គាល់បុគ្គលកំពូលៗ ដែលប្រមូលរថយន្តទុកច្រើនបំផុត នៅលើពិភពលោក៖
១. ស្តេចស៊ុលតង់ព្រុយណេ
បើនិយាយដល់ការប្រមូលរថយន្តឯកជនទុកដ៏ធំបំផុតរបស់ពិភពលោក នោះគឺព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ Hassanal Bolkiah ដោយទ្រង់មានរថយន្តជាង ៧ ០០០ គ្រឿងដែលមានតម្លៃសរុបប្រហែល ៥ពាន់លានដុល្លារ។
ក្នុងចំណោមរថយន្តដែលបានប្រមូលទុកនោះ រួមមានរថយន្ត Rolls Royce ជាង ៦០០ គ្រឿង រថយន្ត Ferraris ៤៥០ គ្រឿង Koenigseggs ២០ គ្រឿង Daver Porsche 962 LMs ចំនួន ៦ គ្រឿង និង McLaren F1s ចំនួន ១១ គ្រឿង ដែលស្ថិតក្នុងចំណោមម៉ាកល្បីៗ ជាច្រើនផ្សេងទៀត។
២. ព្រះអង្គម្ចាស់ Sheikh Hamad bin Hamdan Al Nahyan
ព្រះអង្គម្ចាស់ Sheikh Hamad bin Hamdan Al Nahyan ដែលត្រូវបានគេស្គាល់ថាជាទាយាទស្នងតំណែងម្នាក់របស់ទីក្រុងឌុយបៃ គឺជាអ្នកចូលចិត្តទៅលើការប្រមូលទុករថយន្តប្រណីតៗ ផងដែរ ដោយរថយន្តសរុបរបស់ទ្រង់មានចំនួនជាង ២០០ គ្រឿង ជាមួយតម្លៃសរុបប្រមាណ ២,៣ពាន់លានដុល្លារ។
៣. Ralph Lauren
ការប្រមូលរថយន្តទុករបស់លោក Ralph Lauren គឺមានលក្ខណៈពិសេស ដោយចម្រុះទៅរថយន្តទាំងបែបបុរាណ និងទំនើប ហើយមិនត្រឹមតែមានរូបសម្រង់ឆើតឆាយប៉ុណ្ណោះទេ រួមជាមួយថាមពលខ្លាំង ផងដែរ។ រថយន្តសរុបដែលលោកប្រមូលបានមានជាង ៧០ គ្រឿង ជាមួយតម្លៃសរុប ៣៥០លានដុល្លារ។
៤. Jay Leno
លោក Jay Leno គឺជាតារាកំប្លែង និងជាអតីតពិធីករទូរទស្សន៍ដ៏ល្បីល្បាញបំផុតម្នាក់ ដែលត្រូវបានគេរាប់បញ្ចូលថាជាអ្នកស្រលាញ់ការប្រមូលទុករថយន្តដ៏ធំបំផុតម្នាក់ របស់ពិភពលោកផងដែរ។ រថយន្តដែលលោកប្រមូលបានសរុបមានចំនួនជាង ១៨០ គ្រឿង និងម៉ូតូ ១៦០ គ្រឿង ជាមួយតម្លៃសរុប ១៥០លានដុល្លារ។
៥. Gary Duncan
លោក Gary Duncan គឺជាអ្នកនិយមប្រមូលរថយន្តទុកម្នាក់ ដែលផ្តោតពិសេសតែទៅលើរថយន្តជប៉ុនប៉ុណ្ណោះ។ ភាគច្រើនរថយន្តដែលលោកប្រមូលបានមានដូចជា Nissan Figaros ជាង ១០០ គ្រឿង ក៏ដូចជាម៉ូដែលពិសេសផ្សេងទៀតដូចជា Toyota Century និង Nissan President ផងដែរ ខណ:រថយន្តសរុបរបស់លោកមានជាង ៤ ០០០ គ្រឿង ជាមួយតម្លៃសរុប ១០លានដុល្លារ៕