ឧកញ៉ា គិត ស៊ូឡា បញ្ចប់ការសិក្សាពីសាលាដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី HCIS

ជុំវិញ​ឧកញ៉ា

ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាកូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​ Hwa Chong International School (HCIS) ដែលជា​សាលា​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​សិង្ហបុរី។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យដឹងពី​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅ​ព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បាន​បង្ហោះរូបភាព​ភ្ជាប់​ជាមួយ​សារ​អបអរសាទរ​នៅ​លើ​ទំព័រហ្វេសប៊ុក នា​​ព្រឹក​ថ្ងៃសៅរ៍​នេះ​យ៉ាង​ដូច្នេះថា៖ “ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សូមចូលរួមអបអរសាទរដល់ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែក​ប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ក្នុងការបញ្ចប់ការសិក្សា! សមិទ្ធិផល​នេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឧកញ៉ា គិត ស៊ូឡា ដែលផ្តល់ការ​បំផុសគំនិតដល់យើងនៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

គួររំឭកថា កាលខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានតែងតាំង លោកឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប អន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបី​ទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឱ្យ​ក្លាយជាក្រុមហ៊ុនពហុផលិតផលឈានមុខគេ ដែលមានម៉ាក​យីហោ​ត្រូវបានទទួលស្គាល់បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួម​ជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។

សូមជម្រាបថា ឧកញ៉ា គិត ស៊ូឡា វ័យ​១៩ឆ្នាំ បានទទួលការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបាន​បន្ត​​ការ​សិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី។ ក្នុងតួនាទីថ្មី របស់លោកជានាយក គ្រប់គ្រងផ្នែកប្រតិបត្តិការ លោកឧកញ៉ា គិត ស៊ូឡា នឹងកាន់តំណែង​សំខាន់​នេះ ក្នុងការបង្កើតឱ្យ​កាន់តែមានភាពចម្រុះ និងធ្វើឱ្យ​ចំណូល​ក្រុមហ៊ុន​ប្រសើរទ្បើងនៅក្នុងពិភពឌីជីថល៕