អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា នឹង​ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅ​ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មានិតឡាវ។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​សភាពាណិជ្ជកម្មកម្ពុជា កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១)គោលជំហរបស់​អាស៊ាន​នៅក្នុងភូមិសាស្ត្រនយោបាយសាកល ២)ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ ៣) តួនាទី​របស់អាស៊ានក្នុងសេដ្ឋកិច្ចសាកល និង ៤)ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលធុរកិច្ចនិងវនិយោគ អាស៊ាននេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និង ទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា​នឹងអញ្ជើញចូលរួម ពិធីជប់លៀងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនមកពីប្រទេសអាស៊ានទាំងដប់ ដែលបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការអភិវឌ្ឍអាស៊ាន។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធី​ធុរកិច្ច​ផ្សេងទៀត​រួមមាន៖ វេទិកាឡូជីស្ទិកអាស៊ាន និង ជំនួបពិភាក្សាធុរកិច្ចជាមួយភាគីពាក់ព័ន្ធផ្សេងទៀត៕