ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។
ក្នុងដំណើរយាងត្រឡប់មកដល់កម្ពុជានេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើន បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ បន្ទាប់ពីស្ដេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រកបដោយលទ្ធផលដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់។
សូមរម្លឹកដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ បានធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» ដែលជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងបង្កើតបរិយាកាស ដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូន។
ក្នុងប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅវិមាន Grand Palais នាទីក្រុងប៉ារីសនោះដែរ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២០ នៅឆ្នាំ២០២៦ ផងដែរ៕ អត្ថបទ៖ រង្សី