ក្រុមហ៊ុន IS KHMER CO.LTD ដែលជាជាសម្ព័ន្ធរបស់ក្រុមហ៊ុនដើមគឺក្រុមហ៊ុន INSUNG CO.,LTD មានទីតាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានបំណងកែច្នៃប្រេងចេញពីសំបកស្វាយចន្ទីនៅកម្ពុជា ដើម្បីប្រើប្រាស់ជាថាមពល។
នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ចាយ ជីម ប្រធានធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ជាមួយ លោក ស៊ីន ដុងខាង តំណាងក្រុមហ៊ុន IS KHMER CO.LTD ដើម្បីស្វែងយល់អំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ លោក ចាយ ជីម បានជម្រាបជូនតំណាងក្រុមហ៊ុន អំពីសក្តានុពលនៃវិស័យស្វាយចន្ទីរបស់កម្ពុជា ព្រមទាំងបង្ហាញក្តីរីករាយក្នុងការចូលរួមសហការសម្របសម្រួលលើកិច្ចការពាក់ព័ន្ធជាបន្តទៀតស្របតាមតួនាទីភារកិច្ច។
ឆ្លៀតក្នុងឱកាសនោះ តំណាងក្រុមហ៊ុន លោក ស៊ីន ដុងខាង ក៏បានបង្ហាញការចាប់អារម្មណ៍បន្ថែមលើការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទីនៅកម្ពុជា ដើម្បីប្រើប្រាស់ជាថាមពល ហើយក្រុមហ៊ុន នឹងបន្តសិក្សាបន្ថែមទៀតលើស្ថានភាពទូទៅក្នុងខ្សែច្រវាក់កែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី។
គួរបញ្ជាក់ផងដែរថា ការកែច្នៃប្រេងចេញពីសំបកស្វាយចន្ទី នឹងចូលរួមចំណែកជាសកម្មភាពកែច្នៃអស់លទ្ធភាពក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទីសម្រាប់ប្រើប្រាស់ជាថាមពល។
ប្រធានសមាគមស្វាយចន្ទី ធ្លាប់បានគូសបញ្ជាក់ថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូចតែ៤២ និងមធ្យម ៦ប៉ុណ្ណោះ បើចង់ឱ្យមានការកែច្នៃ ២៥% (ឬស្មើនឹង ១៧៥ ០០តោន) ក្នុងរយៈពេល៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមចំនួន៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លារ ត្រូវការទុនបង្វិល ២៦៥,៥លានដុល្លារ និងហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងក្រោយប្រមូលផល មានដូចជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លារ និងទីលានហាលគ្រាប់ ១៧,៥លានដុល្លារ៕