តុលាការការងាររបស់ប្រទេសប្រេស៊ីល កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ Mercedes-Benz បង់ថ្លៃខូចខាតដែលមានទំហំទឹកប្រាក់ស្មើនឹង ៧,៣លានដុល្លារ សម្រាប់ការរើសអើង និងគាបសង្កត់លើកម្មករដែលធ្វើការក្នុងរោងចក្ររបស់ខ្លួន នៅរដ្ឋ Sao Paulo ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តុលាការភាគខាងត្បូងនៃទីក្រុង Campinas ដែលជាកន្លែង Mercedes-Benz មានរោងចក្រនៅទីនោះ បាននិយាយថា និយោជិតដែលទទួលរងរបួសនៅកន្លែងធ្វើការ ត្រូវបានបដិសេធមិនឲ្យត្រលប់មកធ្វើការវិញ ហើយថែមទាំងបានប្រឈមមុខនឹងស្ថានភាពម៉ាក់ងាយ បន្ទាបបន្ថោក រួមទាំងការរើសអើងពូជសាសន៍ ពីសំណាក់អ្នកគ្រប់គ្រងនៅទីនោះ។
ឯកសាររបស់តុលាការបានបង្ហាញឲ្យដឹងទៀតថា ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩ កម្មករជាច្រើននៅមជ្ឈមណ្ឌលចែកចាយ និងដឹកជញ្ជូនដ៏ធំបំផុតរបស់ក្រុមហ៊ុន Mercedes-Benz ដែលស្ថិតនៅខាងក្រៅប្រទេសអាឡឺម៉ង់មួយនេះ តែងត្រូវបានគេធ្វើបាប បន្ទាប់ពីមានជំងឺ ឬទទួលរងរបួសនៅកន្លែងធ្វើការ។
ទន្ទឹមនឹងនេះ ចៅក្រមក៏នឹងចេញមុខច្រានចោលយ៉ាងម៉ឺងម៉ាត់ រាល់ពាក្យបណ្ដឹងឧទ្ធរណ៏របស់ក្រុមហ៊ុន Mercedes-Benz ផងដែរ ដោយអះអាងថាការអនុវត្តច្បាប់បែបនេះ គឺដើម្បីរក្សាមូលដ្ឋានគ្រឹះនៃសិទ្ធិរបស់កម្មករ ខណ:រហូតមកដល់ពេលនេះ ខាងភាគីក្រុមហ៊ុន Mercedes-Benz មិនទាន់ឆ្លើយតបណាមួយទាក់ទងនឹងករណីនេះនៅឡើយទេ៕