ការប្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនថាមពល និងក្រុមហ៊ុនទូរគមនាគមន៍ ក្នុងរយ:ពេលជាងពីរខែកន្លងមកនេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីថៃ លោក Sarath Ratanavadi កើនឡើងក្នុងចំនួន ៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតថាមពល Gulf Energy Development បានកើនឡើងដល់ ៤០% ចាប់តាំងពីក្រុមហ៊ុនបានប្រកាសផែនការពីការបញ្ចូលគ្នាជាមួយ Intouch Holding ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនទូរស័ព្ទចល័តធំទីពីររបស់ប្រទេសថៃ Advance Info Service (AIS) កាលពីពាក់កណ្តាលខែកក្តដាមក។ ភាគហ៊ុនរបស់ Intouch បានកើនឡើង ២៨% ខណៈពេលដែល AIS ក៏បានកើនឡើងប្រហែល ២១% ផងដែរ ក្នុងរយៈពេលដូចគ្នានោះ។
គួរឲ្យដឹងថា ការរួមបញ្ចូលគ្នានេះ បានជួយរុញទ្រព្យសម្បត្តិសរុបរបស់លោក Sarath ឲ្យកើនឡើងដល់ ១៥ពាន់លានដុល្លារ ពីចំនួន ៩,៥ពាន់លានដុល្លារ នៅពេលដែល Forbes Asia ចេញផ្សាយបញ្ជីអ្នកមានបំផុតទាំង ៥០ នាក់របស់ប្រទេសថៃ នៅក្នុងអំឡុងខែកក្កដា។
ជម្រាបជូនថា ក្រុមហ៊ុន Gulf Energy ដែលត្រូវបានបង្កើតឡើងដោយលោក Sarath ក្នុងឆ្នាំ២០០៧ បាននិងកំពុងធ្វើពិពិធកម្មទៅលើអាជីវកម្មទូរគមនាគមន៍ និងឌីជីថល រួមទាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។ នៅក្នុងខែមិថុនា ក្រុមហ៊ុននេះ បានប្រកាសចាប់ដៃគូសហការជាមួយ Google ដើម្បីបង្កើតឧបករណ៍ Cloud ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសថៃ ផងដែរ៕