ពលរដ្ឋម៉ាឡេស៊ី ខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមក្រុមហ៊ុនបច្ចេកវិទ្យាគួរឲ្យជឿទុកចិត្ត Gogolook បានបង្ហាញឲ្យដឹងថា ប្រជាជនម៉ាឡេស៊ី បានទទួលរងការខាតបង់សរុបប្រមាណ ១២,៨ពាន់លានដុល្លារ ដោយសារករណីឆបោក កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍មួយបញ្ជាក់ពីស្ថានភាពនៃការបោកប្រាស់ ឆ្នាំ២០២៤ ដែលធ្វើឡើងដោយសម្ព័ន្ធប្រឆាំងការបោកប្រាស់សកល (GASA) និងចូលរួម​សហការ​ដោយក្រុមហ៊ុន Whoscall និង ScamAdviser បានរកឃើញថា ៧៤% នៃពលរដ្ឋម៉ាឡេស៊ី បានជួបប្រទះទៅនឹងការបោកប្រាស់យ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយ ៣២% នៃពួកគេទាំងនោះបានជួបប្រទះទៅនឹងការបាត់បង់ប្រាក់។

តែទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះពិតប្រាកដអាចកើនឡើងច្រើនជាងនេះ ដោយសារ ៧០% នៃអ្នកដែលធ្លាប់ត្រូវបានគេបោកប្រាស់ មិនបានរាយការណ៍អំពីករណីរបស់ពួកគេទៅកាន់អាជ្ញាធរនោះឡើយ។

ប្រភពខាងលើនេះ ក៏បានបង្ហាញពីការកើនឡើងនៃការបោកប្រាស់ដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ផងដែរ ដែលកំពុងក្លាយជាបញ្ហាដ៏ធំមួយ ដោយសារតែ ២៥% នៃប្រជាជនម៉ាឡេស៊ី បានបង្ហាញពីភាពមិនប្រាកដប្រជាថា តើបច្ចេកវិទ្យា AI ធ្លាប់ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ដែលពួកគេបានជួបប្រទះឬអត់ នោះឡើយ៕