លោកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia បានសម្រេចចិត្តសាងផ្នួសសងគុណមាតារយៈពេលខ្លី នៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជានៅឯក្រុងឧដុង្គ ខេត្តកណ្ដាល កាលពីវេលាព្រឹកមិញត្រូវនឹងថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៤ ។
បើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិធីបំបួសនាគនេះជាពិធីមួយធំមានទម្លាប់ធ្វើតាំងពីបុរាណកាលមក ហើយបានចូលជ្រួតជ្រាបទៅក្នុងចិត្តនៃប្រជាជនខ្មែរគ្រប់រូប ព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិ។ ឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ធសាសនាមួយដែរ។ ម៉្យាងទៀតព្រះពុទ្ធសាសនា ជាប្រភពនៃការបណ្តុះបណ្តាលនិស្ស័យអក្សរសាស្ត្រ និងតម្រិះវិជ្ជាផ្សេងៗជាច្រើន។
មនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ជាងមនុស្សដែលពុំបានបួសព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់ បាបបុណ្យ គុណទោសច្បាស់លាស់ ហើយខ្មែរយើងតែងមានជំនឿម៉្យាងទៀតថា “បួសនេន សងគុណម្តាយ បួសភិក្ខុ សងគុណឪពុក”។
ជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្តានចិត្តប្រជាជនខ្មែរទូទាំងប្រទេសរហូតដល់ពេលរៀបចំទុកដាក់កូនចៅឱ្យមានប្តី-ប្រពន្ធ ក៏គេនិយមប្រកាន់រើសរកតែបុរសណា ដែលបានបួសរៀនផងដែរ។
គួររំលឹកដែរថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាមលំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្តនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចំរើនពុទ្ធជ័យ មង្គល ពិធីពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួសពិធីកប់សក់ដើម្បីសុំសេចក្តីសុខ។
ទស្សនាវីដេអូខាងក្រោម៖