ព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តមិនដែលកើតមានក្នុងប្រវត្ដិសាស្រ្ដខ្មែរ នឹងកើតមានឡើងជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២

សង្គម​ និង​សេដ្ឋកិច្ច

ព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តមិនដែលកើតមានក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលនឹងមានបង្ហាញនូវផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី នឹងកើតមានឡើងជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នាពេលខាងមុខឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នឹងប្រព្រឹត្ដិឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដោយនឹងមានបង្ហាញនូវផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក។

លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។

សូមបងប្អូនកុំភ្លេចចូលរួមទស្សនាជាមួយព្រឹត្ដិការណ៍ដ៏អស្ចារ្យជាប្រវត្ដិសាស្រ្ដនេះ ព្រោះថានេះគឺជាលើកទី១នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង៕