សៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប ត្រូវបានស្ថាប័នពាក់ព័ន្ធ បានសម្ពោធដាក់ឱ្យឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីជួយផ្សព្វផ្សាយអំពីសក្កានុពលខេត្តសៀមរាប ទៅកាន់ពិភពលោក។
ការប្រកាសដាក់ប្រើប្រាស់នូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប ធ្វើឡើងក្រោមអធិបតីភាព លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ភាគីពាក់ព័ន្ធ ព្រមទាំងប្រតិបត្តិករទេសចរណ៍ និងម្ចាស់សហគ្រាសជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ លោក សុក ស៊ីផាន់ណា បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចនេះ។ ខេត្តសៀមរាប នៅមានវិស័យជាច្រើនទៀត ដែលមានសក្តានុពលដែលយើងត្រូវបង្ហាញឱ្យគេបានដឹង បានឃើញ និងប្រើឱ្យអស់លទ្ធភាព។
លោក រំពឹងថា សៀវភៅនេះ ជាចំណែកមួយនៅក្នុងការបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក។ ព្រោះក្រៅពីការបែងចែកនៅក្នុងស្រុក សៀវភៅនេះ ក៏នឹងត្រូវបញ្ជូនទៅកាន់គ្រប់បណ្តាស្ថានឯកអគ្គរាជទូតរបស់កម្ពុជានៅក្រៅប្រទេសផងដែរ។
សូមជម្រាបថា សៀវភៅ «មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប» បានបោះពុម្ពជា២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។
សៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាបបានបោះពុម្ភ ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងខេត្តសៀមរាប ក្នុងការជួយផ្សព្វផ្សាយអំពីសក្កានុពលខេត្តសៀមរាប ទៅកាន់ពិភពលោក ជាពិសេស គឺផ្សព្វផ្សាយទៅកាន់អ្នកវិនិយោគិនអន្តរជាតិឱ្យបានឃើញ និងស្គាល់ពីសក្តានុពលវិនិយោគដ៏ខ្លាំងក្លាដែលខេត្តសៀមរាបរបស់យើងខ្ញុំ ព្រមទាំងធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកំសាន្តក្នុងខេត្តសៀមរាបឡើងវិញផងដែរ៕ អត្ថបទ៖ រង្សី