សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំអាស៊ាន និងពិភពលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្រសួងការបរទស បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ការអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាម ការអញ្ជើញរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤។
គួរបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទស កាលថ្ងៃទី៥ ខែតុលា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ ដែលធ្វើឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្ដោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតី នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASE BNC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី(AZEC) លើកទី២។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតផងដែរ៕