ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖ ការលើកកម្ពស់ធុរកិច្ចធនាគារប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការអបរំផ្នែកចំណេះដឹងហិរញ្ញវត្ថុ គឺជារបៀបវារៈស្នូលរបស់សមាគមធនាគារនៅកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួនផងដែរ។
លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងបញ្ជាក់ថា គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នេះ ត្រូវបានបង្កើតទ្បើងស្របតាមយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ដោយផ្តោតទៅលើ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាសិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការកសាងសមត្ថភាពភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរភូមិ ឃុំ ដែលជាជនបង្គោលក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះជូនប្រជាជនក្នុងសហគមរបស់ពួកគាត់។
លោកស្រីបន្តថា៖ «គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបំណិនជីវិតក្នុងការគ្រប់គ្រងចាត់ ចែងលុយកាក់ក្នុងក្រុមគ្រួសារ ជួយឱ្យពលរដ្ឋនៅមូលដ្ឋានយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងកម្ចី និងចៀសផុតពីការចាញ់បោកផ្នែកហិរញ្ញវត្ថុក្នុងប្រការណាមួយ ឬជួយបញ្ចៀសនូវបំណុលច្រើនលើសលប់។»
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជា បានស្នើកិច្ចសហការ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀលដើម្បីសេដ្ឋកិច្ចជាតិ ព្រមទាំងបញ្ជ្រាបការយល់ដឹងហិរញ្ញវត្ថុ សិទ្ធិ កាតព្វកិច្ច និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងបង្ការខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុ និងទទួលខុសត្រូវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន កុមារ និងស្រ្តី។
គួរបញ្ជាក់ថាគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបាននិងកំពុងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ក្នុងអំឡុងពេលសាកល្បងនេះ គម្រោងសម្រេចបាននូវលទ្ធផលសំខាន់ៗ រួមមាន បណ្តុះបណ្តាលគ្រូបង្គោលថា្នក់ឃុំបាន 0២វគ្គ ដែលមានអ្នកចូលរួមចំនួន៥៩រូប ក្នុងនោះមានស្រ្តីចំនួន ១៦នាក់។ គ្រូបង្គោលថ្នាក់ឃុំមានសមាសភាពមកពី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
គម្រោងក៏បានបង្កើតសៀវភៅកម្រងមេរៀន សុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ចំនួន០៥ ព្រមទាំងធ្វើការបោះពុម្ពបានចំនួន២ដង សរុបសៀវភៅបោះពុម្ភទាំងពីរលើកបានចំនួន ៧ ៥០០ក្បាល។ គម្រោងក៏បានផលិតសម្ភារៈសម្រាប់បម្រើដល់ការអនុវត្តគម្រោងថ្នាក់មូលដ្ឋាន ការអង្កេត baseline នៅមូលដ្ឋានអនុវត្តគម្រោងដែលមានសំណាកសរុបចំនួន៤០០ ការចុះអប់រំប្រជាពលរដ្ឋតាមមូលដ្ឋានចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈគ្រូបង្គោល សរុបចំនួន ៤៨ដង ដោយក្នុងនោះមានអ្នកចូលរួមសរុបចំនួន ១៥ ០៣៣ នាក់ ស្រីចំនួន ១១ ១៧២នាក់។ ព្រមទាំងធ្វើការបញ្រ្ជាបសារអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អាជ្ញាធរមូលដ្ឋាន ដល់គ្រូបង្គោល និងប្រជាពលរដ្ឋនៅពេលមានការជួបជុំនានាសរុបចំនួន ៣.៤៣៩នាក់ ស្រីចំនួន ១.០៤៩នាក់៕