កម្ពុជា-ឡាវ ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល៧ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

មុខរដ្ឋាភិបាលកម្ពុជា និងឡាវ បានឯកភាពគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ រួមមាន វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី​៩​​ ដល់ថ្ងៃទី​ ១១​​ ខែតុលា​ ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួបនោះ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​។​

លោក​ក៏បានកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ទន្ទឹមនឹងនោះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ​ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ៕