អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស បង្ហើបប្រាប់ឧកញ៉ាញូស៍ឱ្យដឹងថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនវីរៈប៊ុនថាំ នឹងមាននូវរថយន្ដត្រជាក់ (សីតុណ្ហភាពក្រោម០អង្សាសេ) ដើម្បីដឹកជញ្ជូនអីវ៉ាន់ ឬទំនិញផ្សេងៗ ដូចជា ថ្នាំពេទ្យ បន្លែ ផ្លែឈើ រក្សាបាននូវសុវត្ថិភាព គុណភាព និងបរិមាណឱ្យនៅដដែល ស្របតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។
ការបង្ហើបឱ្យដឹងរបស់អ្នកឧកញ៉ា សួរ វីរៈ ធ្វើឡើងនៅពេលដែលអ្នកឧកញ៉ាផ្ដល់នូវបទសម្ភាសន៍ពិសេសជាមួយនឹងកម្មវិធី «សេដ្ឋី និងជំនួញ» កាលពីពេលថ្មីៗនេះ ជុំវិញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
លើកឡើងភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យរីកចម្រើន កាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីក្រៅប្រទេស អ្នកឧកញ៉ា សួរ វីរៈ នឹងបញ្ចេញប្រភេទរថយន្ដត្រជាក់ដើម្បីដឹកបន្លែជូនដល់អតិថិជន ទាំងជិត ទាំងឆ្ងាយដើម្បីរក្សាបាននូវគុណភាពបន្លែឱ្យនូវស្រស់ និងល្អដូចដើម។
ជាមួយនឹងគំនិតនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏គ្រោងនឹងដាក់ឱ្យដំណើរការរថយន្ដត្រជាក់ (សីតុណ្ហភាពក្រោម០អង្សាសេ) ដើម្បីបំពេញតម្រូវការរបស់អតិថិជន នូវពេលដែលមានអីវ៉ាន់ត្រូវផ្ញើទៅក្រៅប្រទេស ឬទទួលអីវ៉ាន់ពីក្រៅប្រទេស ចង់ថែរក្សាឱ្យបាននូវគុណភាពរបស់ផលិតផលដូចជាថ្នាំពេទ្យ ឬបន្លែ ផ្លែឈើ ផងដែរ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សួរ វីរៈ គឺជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅកម្ពុជា ដោយអ្នកឧកញ៉ាតែងតែគិតឃើញនូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដូចជាសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់ មានគ្រែសម្រាប់គេងជូនបងប្អូនប្រជាពលរដ្ឋជាដើម៕