ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី ឃួន សុដារី បានស្នើដល់ប្រទេសអូស្រា្តលីជួយគំាទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកម្ពុជាត្រូវការការគាំទ្រដោយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជួយពង្រឹងសមត្ថភាពបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនាវានុវត្តន៍។
ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិញ ប្រធានរដ្ឋសភាកម្ពុជា ក៏បានលើកជាសំណូមពរឱ្យមានបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគបន្ថែមទៀតក្នុងការផ្លាស់ប្តូរ និងវិនិយោគលើផ្នែកអប់រំ រួមមានការផ្ដល់អាហារូបករណ៍បន្ថែមដល់និស្សិតខ្មែរ និងមន្ត្រីសាធារណៈ។ លើសពីនេះ លោកស្រី ថែមទាំងជំរុញទូតអូស្រ្តាលីឱ្យជួយជំរុញសាកលវិទ្យាល័យអូស្ត្រាលីបង្កើតសាខានៅប្រទេសកម្ពុជា ដោយសារសិស្សានុសិស្ស និងនិស្សិត និងមាតាបិតានៅកម្ពុជាមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំលើប្រព័ន្ធអប់រំប្រកបដោយគុណភាពរបស់អូស្ត្រាលីផងដែរ។
ជាការឆ្លើយតប លោក ឯកអគ្គរាជទូតអូស្រ្តាលី បានឯកភាពនូវការលើកឡើងរបស់ប្រធានរដ្ឋសភា និងបានសន្យាថា អូស្រ្តាលីនឹងខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជាទាំងស្ថាប័ននីតិប្បញ្ញតិ្ត និងស្ថាប័ននីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណាឆ្លើយតប និងបំពេញបន្ថែមនូវតម្រូវការ និងក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ដែរថា នៅក្នុងជំនួបខាងលើ ភាគីទាំងពីរ ក៏បានប្តេជ្ញាថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមិត្តភាពជាប្រវត្តិសាស្ត្រ ដោយផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរថែមទៀត៕ អត្ថបទ៖ រង្សី