កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយប្រទេស សមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន លើកទី៣៥ ដែលផ្សាយចេញកាលយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ- សន្តិសុខអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៥ ដែលដឹកនាំដោយ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា បានលើកឡើងថា៖« ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយប្រទេស សមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក ឱ្យឈានទៅកាន់កម្រិតថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទន្ទឹងរង់ចាំ ការអនុម័តសេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការលើកកម្ពស់បញ្ញា សិប្បនិម្មិតប្រកបដោយសុវត្ថិភាព សន្តិសុខ និងទំនុកចិត្ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិក លើកទី១២ នាពេលខាងមុខ»។

គួរបញ្ជាក់ដែរថា បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ក៏បានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន ដែលបានរួម ចំណែកវិភាគទានហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយបានជម្រាបជូនប្រទេសសមាជិកអាស៊ានថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលណាចក្រកម្ពុជា សៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕ អត្ថបទ៖ រង្សី