កម្ពុជា កំពុងរៀបចំធ្វើម្ចាស់ផ្ទះបើកពិធីកីឡាឃីកបុកស៊ីងជើងឯកអាស៊ីលើកដំបូងបង្អស់ជាប្រវត្តិសាស្ត្រ

កម្សាន្ត

“ដោយមើលឃើញពីសក្ដានុពលរបស់កម្ពុជាដែលរៀបចំបានយ៉ាងល្អក្នុងនាម ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កាលពីឆ្នាំ ២០២៣ កន្លងទៅ សហព័ន្ធកីឡាឃីកបុកអន្ដរជាតិនិងអាស៊ី បានសម្រេចជ្រើសរើស ព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិជាម្ចាស់ផ្ទះលើកដំបូងបង្អស់ និងកំពុងរៀបចំពិធីបើកការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី (Asian Kickboxing Championships) ឆ្នាំ២០២៤ ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតចារជាប្រវត្តិសាស្ត្រ។” នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកទល់ពេលនេះ មានអត្តពលិកប្រមាណជាង ៧០០ នាក់ហើយមកពី ២៤ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ឯការទទួលការចុះឈ្មោះកីឡាករ-កីឡាការិនីអន្តរជាតិមិនទាន់បិទបញ្ចប់នៅឡើយទេដោយបន្តចុះឈ្មោះរហូតដល់ជិតថ្ងៃប្រកួតតែម្តង។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ក៏បានត្រៀមកីឡាករជាង ៥០ នាក់ស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗផងដែរ។

ព្រឹត្តិការណ៍កីឡាដ៏ធំ Asian Kickboxing Championships នេះធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងដើម្បីប្រជែងយកមេដាយមាសជូនជាតិរៀងៗខ្លួន។ ចំពោះវិញ្ញាសាប្រកួតមានបែងចែកជា ៣កម្រិតរួមមាន វិញ្ញាសា Full Contact, Low Kick និង K1 ។

អ្វីដែលរឹតែពិសេសនោះគឺវត្តមាន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមគាំទ្រឧបត្ថម្ភធំផ្តាច់មុខនៅព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនគំរូដែលតែងតែគិតគូរ និងចូលរួមយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងក្នុងវិស័យកីឡា គ្រប់ព្រឹត្តិការណ៍ប្រកួតធំតូចទាំងអស់ ជាពិសេសព្រឹត្តិការណ៍ធំៗតែម្តងដើម្បីជំរុញបន្ថែមឱ្យវិស័យកីឡានៅកម្ពុជាមានឈ្មោះបោះសម្លេងទាំងនៅលើឆាកអន្តជាតិនិងពិភពលោក។

ហេតុដូច្នេះអ្នកស្នេហាវិស័យកីឡាគ្រប់វ័យអាចចូលរួមគាំទ្រ និងទស្សនាដោយសេរី (គ្មានលក់សំបុត្រទេ) នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃអង្គារ៍ទី ៨ ដល់ថ្ងៃអាទិត្យទី ១៣ ខែតុលាឆ្នាំ ២០២៤ នេះតទៅ៕