កម្ពុជា-ឡាវ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង

សង្គម​ និង​សេដ្ឋកិច្ច

មេដឹកនាំកម្ពុជា-ឡាវ សហការគ្នានឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ខណៈចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីបំណង រៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលឆាប់ៗខាងមុខនេះផងដែរ។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមធ្យោបាយ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ជាពិសេស តាមរយៈ ការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែលមានសក្តានុពល និង ជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។

ចំណែកឯកិច្ចសហប្រតិបត្តិការថាមពលវិញ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីកការផ្គត់ផ្គង់ថាមពលបៃតង រវាងប្រទេសទាំងពីរ និងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។

ទន្ទឹមនឹងនោះ មេដឹកនាំនៃប្រទេសទាំងពីរក៏បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ដើម្បីអាចឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗ តាមពេលវេលាសមស្រប៕