គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto នឹងពាំនាំបរិយាកាសវិនិយោគកម្ពុជា ទៅផ្សព្វផ្សាយបន្ថែមដល់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ប្រទេសជប៉ុន តំណាងដោយ លោក Saburo Matsuda អតីតប្រធានសភាខេត្ត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបរិយាកាសវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក Matsuda បានបង្ហាញនូវការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពរីកលូតលាស់លឿនរហ័សប្រកបដោយភាពធន់។

នាឱកាសនោះដែរ គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែមទៅកាន់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន។

ជាការឆ្លើយតប លោក សួន សុផល បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែផ្តល់នូវការគាំទ្រប្រកបដោយភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោប្រធានព្រឹទ្ធសភារហូតមកដល់នីតិកាល ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមពីលើការជួយឧបត្ថម្ភគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាចាប់តាំងពីទសវត្សរ៍ ៩០ រហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ លោកក៏បានធ្វើការជម្រាបជូនសមភាគីអំពីតួនាទី និងភារកិច្ចស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានគណៈកម្មាធិការវិនិយោគកម្ពុជា, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍, និងអគ្គលេខាធិការដ្ឋានជាសេនាធិការ។

លើសពីនេះ លោកបានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូឱ្យបានឈ្វេងយល់អំពីសក្តានុពល, កាលានុវត្តភាព, និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយដែលមានទំនោរគាំទ្រដល់ធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាជូនសមភាគីផងដែរ ខណៈលោកជឿជាក់យ៉ាងមុតមាំថា ភាគីមិត្តនឹងជួយនាំយកព័ត៌មានដ៏មានសារៈសំខាន់នេះផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចនៅខេត្ត Kumamoto ឱ្យបានយ៉ាងទូលំទូលាយ។

សូមបញ្ជាក់ថា ប្រទេសជប៉ុនគឺជាប្រទេសឈានមុខមួយក្នុងចំណោមបណ្តាប្រទេសដែលមានធុរជន វិនិយោគិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែងរបាយការណ៍ CDC បង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ជប៉ុនស្ថិតនៅលេខរៀងទី៣ បន្ទាប់ពីចិន និងកម្ពុជា ដែលបានរួមចំណែកប្រមាណ ៨,៧% នៃទុនវិនិយោគសរុប៕