មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។
ក្នុងឱកាសនៃជំនួបនោះ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដល់ សម្តេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការបន្តថែរក្សាមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ក៏បានអបអរសាទរប្រទេសកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី រយៈពេលជាង១ឆ្នាំកន្លងមកនេះ និងអបអរសាទរកម្ពុជាដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាងមុខនេះ។
នាឱកាសនោះ ប្រមុខរដ្ឋាភិបាលទាំងបី បានចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្ដិសុខ ព្រមទាំងការអប់រំនិងបណ្ដុះបណ្ដាល ជាដើម។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ានផងដែរ៕