ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
តាមរយៈជំនួបនោះ សម្ដេចបវរធិបតី និងលោកអនុប្រធាន IMF ក៏បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។
ក្នុងពេលនោះដែរ លោក អនុប្រធានគ្រប់គ្រងនៃ IMF បានបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូច ដែលបានរួមចំណែក ក្នុងនោះមាន៖ ការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង ពង្រឹងការរៀបចំទិន្នន័យ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាល កម្ពុជា ក៏បាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ រង្សី