ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍តែម្តង។ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេស ខាងវិស័យទេសចរណ៍។ទន្ទឹមគ្នានេះលោក ក៏បានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីរូបនេះ ក៏បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO) ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និងការជំរុញឱ្យមានការចូលរួមផ្នែកយេនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ខណៈសម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថាន អំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគិនក្នុងតំបន់អាស៊ានជាដើម។ លើសពីនេះ សម្ដេចធិបតី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ៕ អត្ថបទ៖ រង្សី