យុទ្ធនាការលោកស្រី Harris រៃអង្គាសប្រាក់បាន ១ពាន់លានដុល្លារ ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីថ្មី

អន្តរជាតិ

យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់អនុប្រធានាធិបតី និងក្រុមការងាររបស់លោកស្រី Kamala Harris រៃអង្គាសទឹកប្រាក់បានចំនួន ១ពាន់លានដុល្លារ រួចមកហើយ គិតចាប់តាំងពីលោកស្រី បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែកក្កដាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីលោកស្រី Harris បានចូលជំនួសតំណែងរបស់ប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី២១ ខែកក្កដា លុយរាប់លានដុល្លារបានហូរចូលទៅក្នុងយុទ្ធនាការរបស់លោកស្រី និងគណៈកម្មាធិការសកម្មភាពនយោបាយដែលពាក់ព័ន្ធ ក្នុងល្បឿនដ៏លឿនបំផុតមួយដែលមិនធ្លាប់មានពីមុនមក។​ លោកស្រី Harris រៃអង្គាសប្រាក់បាន ២៥លានដុល្លារភ្លាមៗ នៅថ្ងៃដែលលោកស្រីត្រូវបានគេដាក់ឈ្មោះជាបេក្ខជនប្រធានាធិបតីថ្មី ហើយបន្តទទួលបាន ៥០០លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយខែ។

គួរឲ្យដឹងផងដែរថា តួលេខនៃចំនួនទឹកប្រាក់ដ៏ច្រើនពីការរៃអង្គាសនេះ ហាក់កំពុងធ្វើឲ្យលោកស្រី Harris ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ទៅលើគូប្រជែងគណបក្សសាធារណរដ្ឋរបស់ខ្លួន គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលរៃអង្គាសទឹកប្រាក់បានចំនួនតែជាង ៣០០លានដុល្លារប៉ុណ្ណោះ សម្រាប់យុទ្ធនាការរបស់ខ្លួន គិតត្រឹមចុងខែសីហា។

ជម្រាបជូនផងដែរថាសម្រាប់ទឹកប្រាក់ដែលទទួលបានពីម្ចាស់ជំនួយ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក៏ជាត្រូវប្រើប្រាស់លើការផ្សាយពាណិជ្ជកម្ម សម្រាប់ដំណើរការ និងបុគ្គលិក នៅក្នុងសមរភូមិប្រកួតប្រជែងសន្លឹកឆ្នោតតាមរដ្ឋនីមួយៗ៕