សាជីវកម្មត្រកូល ត្រាំ (Trump Organization) និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់វៀតណាម Kinhbac City (KBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតគម្រោងទីលានវាយកូនហ្គោលនិងសណ្ឋាគារប្រណីតតម្លៃ ១,៥ ពាន់លានដុល្លារនៅក្នុងខេត្ត Hung Yen ។
ពិធី MoU ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានាធិបតីវៀតណាមទៅកាន់សហរដ្ឋអាមេរិកកាលពីចុងខែកញ្ញាកន្លងទៅ។
ខេត្ត Hung Yen មានទីតាំងភូមិសាស្រ្តនៅកៀកនឹងទីក្រុងហាណូយដែលជាបណ្ដុំសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មមាញឹក ដែលស្ថិតនៅភាគខាងជើងប្រទេសនិងជាខេត្តដ៏លេចធ្លោដែលមានសក្ដានុពលបណ្ដុំដោយសួនកម្សាន្ត រោងចក្រសហគ្រាសធំៗ មានតំបន់សេដ្ឋកិច្ចឧស្សាហកម្មចំនួន ១៧ ហើយកំពុងបន្តកើនឡើង។
អ្នកជំនាញបានទាញសេចក្ដីសន្និដ្ឋានថានៅឆ្នាំ ២០៣០ ខេត្តនេះនឹងក្លាយជាខេត្តឧសហ្សាកម្មជាមេដែកទាក់ទាញវិនិយោគិនបរទេសឲ្យមកបណ្ដាក់ទុនបន្ថែម។
បើតាមរដ្ឋបាលខេត្ត Hung Yen កាលពីពាក់កណ្តាលខែកញ្ញា អ្នកតំណាងមកពីក្រុមហ៊ុន KBC បានធ្វើទស្សនកិច្ចទៅខេត្តរបស់ខ្លួន និងបានជួបជាមួយអាជ្ញាធរខេត្ត ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ។
បើតាមការចេញផ្សាយពីរ៉យទ័រ គម្រោងវិនិយោគនេះនឹងមានប្រព័ន្ធទីលានវាយកូនហ្គោលចំនួន ៥៤ រន្ធចំនួន២ រួមជាមួយនឹងបណ្តាញសណ្ឋាគារ និងរមណីយដ្ឋាន និងអគារលំនៅដ្ឋានទំនើបៗជាច្រើនខ្នង។
ជុំវិញការវិនិយោគថ្មី អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន The Trump Organization លោក Eric Trump ដែលជាកូនប្រុសទី២របស់លោក ត្រាំ ផងដែរនោះ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងរំភើបក្នុងការបោះខ្លួនទៅកាន់ទីផ្សារដ៏មមាញឹកនេះ។ វៀតណាម មានសក្តានុពលក្នុងវិស័យសណ្ឋាគារប្រណីត និងការកម្សាន្តលំដាប់ខ្ពស់»។
The Trump Organization គឺជាសាជីវកម្មឯកជនពហុឧស្សាហកម្មដំណើរការលើវិស័យជាច្រើនរួមមាន អចលនទ្រព្យ សណ្ឋាគារ និងទីលានវាយកូនហ្គោល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1927 មានសកម្មភាពជាចម្បងលើការសាងសង់ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉ក។ បន្ទាប់មក នៅពេលដែលចូលកាន់តំណែងក្នុងឆ្នាំ ១៩៧១ លោក Donald Trump បានពង្រីកប្រតិបត្តិការរបស់លោកក្នុងវិស័យជាច្រើនទៀត រួមមាន សណ្ឋាគារ ទីលានវាយកូនហ្គោល ការកម្សាន្តនិងអចលនទ្រព្យ។ ទីលានវាយកូនហ្គោល និងជំនួញរមណីយដ្ឋាននេះ គឺជាប្រភពដ៏ធំបំផុតនៃលំហូរសាច់ប្រាក់ក្រុមហ៊ុនសាជីវកម្មគ្រួសារត្រកូល ត្រាំ៕ អត្ថបទដើម៖ Link
រូបភាព៖ ឧទ្យានឧស្សាហកម្ម The hung yen ecopark