ក្រុមហ៊ុនជប៉ុនគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនអាចកែច្នៃដល់ ១ ៥០០តោន ក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបជាមួយតំណាងក្រុមហ៊ុនជប៉ុន MIRARTH ដើម្បីពិភាក្សាអំពីការពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនជប៉ុន MIRARTH  បានបញ្ជាក់ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឡើងដល់ ១.៥០០តោន ក្នុងមួយឆ្នាំ។ការណ៍នេះ បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ពីការកែច្នៃត្រឹមតែ៣០០តោនប៉ុណ្ណោះ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០២១។

តំណាងក្រុមហ៊ុន MIRARTH បានគូសបញ្ជាក់ថា ខ្លួនកំពុងសិក្សាអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងប្រើរយ:ពេល២ឆ្នាំ។ក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទីផងដែរ។

ជាមួយគ្នានោះ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន MIRARTH និងបានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កន្លងទៅកម្ពុជាមិនអាចផលិតគ្រាប់ស្វាយចន្ទីដើម្បីបំពេញតម្រូវការជប៉ុនបានទេ ដោយសារជប៉ុនត្រូវការច្រើន ខណៈកម្ពុជាផលិតបានតិចតួចនៅឡើយ។

លោក បានបញ្ជាក់បន្ថែមថា កម្ពុជាត្រូវការរោងចក្រធុនមធ្យមច្រើនទៀត ដើម្បីកម្ពុជាអាចឱ្យតម្លៃគ្រាប់ស្វាយចន្ទីរបស់កសិករមានស្ថេរភាព អាចផ្តល់តម្លៃបន្ថែមដល់កសិករ អាចបង្កើតការងារក្នុងសហគមន៍បានច្រើនទាំងការងារផ្ទាល់ និងប្រយោល។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ បើគិតត្រឹម៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក៕