ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីសន្និសីទអង្ករពិភពលោកអន្តរជាតិ (2024 International World Rice Conference) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅដើមខែវិច្ឆិកា ខាងមុខនេះ។
សន្និសីទអង្ករពិភពលោកអន្តរជាតិ ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ដ៏ធំមួយ នៅប្រទេសហ្វីលីពីន ដែលនឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីភ្ញៀវអន្តរជាតិជាច្រើន ព្រមទាំងមានវាគ្មិនជំនាញៗមកពីវិស័យស្រូវអង្ករជុំវិញពិភពលោកជាច្រើនរូប ឡើងធ្វើបទបង្ហាញ។ ទទឹមនឹងនេះ លោកឧកញ៉ា ចាន់ សុឃាំង នឹងឡើងធ្វើបទបង្ហាញមួយទាក់ទងនឹងប្រធានបទទស្សនវិស័យទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីវាគ្មិនមកពីប្រទេសថៃ និងមុនវាគ្មិនមកពីប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា ឧកញ៉ា ចាន់ សុឃាំង គឺជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រូវ-អង្ករ” តំណាងមកពីវិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ លោកឧកញ៉ា ចាន់ សុឃាំង បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៣-២០២៥ ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕