កម្ពុជា ស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបែបនេះ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី១០ តុលា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូស បញ្ជាក់ថា កម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួន នៃការចរចាដំឡើងកម្រិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០ ព្រោះបានជួយពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារដ៏ធំ របស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ក្នុងន័យនេះ សម្តេចធិបតី បានចែករំលែកថា កម្ពុជាកំពុងធ្វើការដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ដូច្នេះ កម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្ម ឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិនស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការកសិកម្ម កាលពីឆ្នាំមុន និងបានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិនស្តីពីការលើកកម្ពស់ការអភិវឌ្ឍកសិកម្មឆ្លាតវៃនៅឆ្នាំនេះ។

លើសពីនេះ ថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញ របៀបវារៈបៃតង។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ានកាន់តែខ្លាំងថែមទៀត។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយចិននេះដែរ ថ្នាក់ដឹកនាំ កូរ៉េ ជប៉ុន អូស្ត្រាលី ឥណ្ឌា និង កាណាដា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូនីមួយៗ តាមរយៈ ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មដែល កំពុងលេចឡើងថ្មីៗ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ជាដើម៕ អត្ថបទ៖រង្សី