ក្រុមហ៊ុន Porsche បង្ហាញការលក់រថយន្តនៅប្រទេសចិន ធ្លាក់ចុះនៅរយៈពេល ៩ខែមកនេះ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែតុលា បានបង្ហាញពីការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួនចំនួន២៩% ក្នុងទីផ្សារប្រទេសចិន ដូចទៅនឹងការលក់របស់ក្រុមហ៊ុនល្បីៗផ្សេងទៀតរួមមាន BMW, Mercedes ដែលមានការធ្លាក់ចុះដូចគ្នា។ នេះបើតា​​មការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល ៩ខែពោលពីខែមករា ដល់ខែកញ្ញា នៅទីផ្សារប្រទេសចិន ក្រុមហ៊ុន Porsche បានចែកចាយរថយន្តរបស់ខ្លួនបានចំនួនជាង ៤៣ ០០០គ្រឿងដោយធ្លាក់ចុះចំនួន២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលការលក់នៅអឺរ៉ុប (មិនរាប់បញ្ចូលអាល្លឺម៉ង់) ក្រុមហ៊ុនបានចែកចាយរថយន្តចំនួនជាង ៥២ ០០០គ្រឿងធ្លាក់ចុះ១% ហើយបើរាប់ត្រឹមតែការលក់ក្នុងប្រទេសអាល្លឺម៉ង់តែមួយនោះ គឺមានចំនួនជិត ២៧ ០០០គ្រឿងកើនឡើង៨% ។

ដោយឡែក បើសរុបនៃការលក់ទូទាំងពិភពលោក នៅរយៈពេលពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់មួយនេះ បានចែកចាយរថយន្តជាង ២២៦ ០០០គ្រឿង ដោយធ្លាក់ចុះ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។

គួរឲ្យដឹងដែរថា ចិនជាទីផ្សាររថយន្តដ៏ធំបំផុតមួយនៅលើពិភពលោកផងដែរ តែបែរជាមានការធ្លាក់ចុះការលក់រថយន្តរបស់ Porsche ដល់ទៅ២៩% ខណៈសារព័ត៌មាន Reuters បានឲ្យដឹងថា អតិថិជនចិនស្ទាក់ស្ទើរលើការចាយប្រាក់ទិញរបស់ប្រណីត ក៏ដោយហេតុថា សេដ្ឋកិច្ចចិនមានភាពធ្លាក់ចុះ បន្ទាប់ពីជាប់គាំងក្នុងវិបត្តិអចលនទ្រព្យក្នុងប្រទេស៕