ផ្តើមចេញពីការធ្វើការឲ្យគេ បុគ្គល ៤រូបនេះ វិវត្តន៍ក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារ

អន្តរជាតិ

តាមការយល់ឃើញភាគច្រើន បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីភាគច្រើននៅទូទាំងពិភពលោក ជាធម្មតាតែងតែកើតចេញពីភាពជាសហគ្រិន ការស្នងមរតក ឬជាស្ថាបនិកនៃក្រុមហ៊ុន ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃការកសាងទ្រព្យសម្បត្តិរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមហាសេដ្ឋីមួយចំនួន ដែលបានកើតចេញពីការខិតខំព្យាយាមរបស់ខ្លួន តាមរយ:ការធ្វើការឲ្យគេ រហូតវិវត្តន៍ខ្លួនក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ។

ជាក់ស្តែង ខាងក្រោមនេះ ជានាយកប្រតិបត្តិក្រុមហ៊ុនទាំង ៤រូប ដែលបានក្លាយជាមហាសេដ្ឋី នៅក្នុងក្រុមហ៊ុនដែលពួកគេធ្វើការឲ្យ៖

១.Steve Ballmer

Steve Ballmer បានចូលរួមជាមួយក្រុមហ៊ុន Microsoft ក្នុងឆ្នាំ១៩៨០ ក្នុងនាមជាបុគ្គលិកទី៣០ របស់ក្រុមហ៊ុន ហើយបានបន្តក្លាយជា CEO ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤។ បច្ចុប្បន្នលោក Ballmer មានទ្រព្យសម្បត្តិប៉ាន់ស្មានលើសពី ១០០ពាន់លានដុល្លារ ហើយឥឡូវនេះក៏ជាម្ចាស់ក្រុមហ៊ុន Los Angeles Clippers ផងដែរ។

២. Meg Whitman


តួនាទីរបស់លោកស្រី Meg Whitman គឺជានាយកប្រតិបត្តិក្រុមហ៊ុន eBay ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ ដោយលោកស្រីគឺជាបុគ្គលដែលបានចូលរួមចំណែកដ៏សំខាន់មួយ ក្នុងបំប្លែងគេហទំព័រដេញថ្លៃតាមអ៊ីនធឺណិតមួយនេះ ឲ្យទៅជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយលើលោក។ សព្វថ្ងៃទ្រព្យសម្បត្តិសរុបរបស់លោកស្រី ត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ៣,៧ពាន់លានដុល្លារ។

៣. Sheryl Sandberg


លោកស្រី Sheryl Sandberg ធ្លាប់បានកាន់តំណែងជាប្រធានផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុន Meta របស់មហាសេដ្ឋី Mark Zuckerberg។ ហើយដោយសារតែមានចំណែកនៅក្នុងភាគហ៊ុនក្រុមហ៊ុន បានជួយឲ្យលោកស្រី Sandberg ឡើងតំណែងជាមហាសេដ្ឋី ដោយបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១,៥ពាន់លានដុល្លារ។ លោកស្រី បានលាឈប់ពីក្រុមហ៊ុន Meta ក្នុងឆ្នាំ២០២២ ប៉ុន្តែសព្វថ្ងៃលោកស្រីនៅតែជាបុគ្គលលេចធ្លោម្នាក់ ក្នុងវិស័យបច្ចេកវិទ្យា និងសប្បុរសធម៌។

៤. David Zaslav


លោក David Zaslav គឺជានាយកប្រតិបត្តិក្រុមហ៊ុនផលិតខ្សែភាពយន្ត Warner Bros. Discovery ខណ:ពេលដែលលោកបានកសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈការដឹកនាំក្រុមហ៊ុនប្រកបដោយការយល់ដឹងខ្ពស់ នៅក្នុងឧស្សាហកម្មនេះ។ តាមរយ:តួនាទី រួមទាំងជម្រើសភាគហ៊ុនក្នុងដៃ បានជំរុញទ្រព្យសម្បត្តិរបស់លោក Zaslav កើនឡើងដល់ជិត ៣ពាន់លានដុល្លារ៕