ក្រុមមេធាវីរាជរដ្ឋាភិបាល បានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា សរុបជិត៥ពាន់នាក់

ជុំវិញ​ឧកញ៉ា

លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បាន​បង្ហើប​ឱ្យដឹងថា គិត​មក​ដល់​ពេលនេះក្រុមមេធាវីរាជរដ្ឋាភិបាល បាន​ទទួល​ជួប​ដោយ​ផ្ទាល់​ជាមួយប្រជា​ពលរដ្ឋរងគ្រោះ ​ព្រមទាំង​ទទួល​បាន​ការ​ប្រគល់​សិទ្ធិពីប្រជាពលរដ្ឋ ក្នុងសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន ១៤លើក​មក​ហើយ​ សរុបចំនួន ៤,៩២៩នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​​ ​ក្នុង​ជំនួប​លើកទី១៤ និង​ជា​លើក​ចុង​ក្រោយ​ នៅ​ទឹកដី​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ដ្រី គី តិច បាន​លើកឡើង​ថា បន្ទាប់ពី​​ទទួលបាន​សិទ្ធិ​ប្រទានពី​​រាជរដ្ឋាភិបាល ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្រុមមេធាវីរាជរដ្ឋាភិបាល ដែល​ទទួល​បន្ទុក​ការពារ​ប្រជាពលរដ្ឋ​​រងគ្រោះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​​ក្រុមហ៊ុន ប្រ៊ីលានសីធី បាន​ធ្វើ​ជំនួប​ជាមួយ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ រហូត​មក​ដល់​ពេលនេះ​មាន​ចំនួន ១៤លើក ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ស្ម័គ្រ​ចិត្ត​ប្រគល់​សិទ្ធិ​ជូនមេធាវីរាជរដ្ឋាភិបាល ​សរុបចំនួន ៤,៩២៩ រូប។

លោកទេសរដ្ឋមន្ដ្រី បានបន្តថា សម្រាប់​ជំនួប​១២លើក​កន្លងមក គឺ​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ ក្នុងនោះ​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ប្រគល់​សិទ្ធិ​ជូនមេធាវី​រាជរដ្ឋា​ភិបាល មានចំនួន ៤,១១១ រូប។ ចំណែកឯ​២​លើក​ទៀត នា​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា នៅខេត្តសៀមរាប ទទួល​ជួប​ប្រជាពលរដ្ឋរងគ្រោះមកពីខេត្តជិតៗនេះ​ចំនួន ៨១៨រូប​ទៀត។

លោកទេសរដ្ឋមន្ដ្រី គី តិច បានបញ្ជាក់ថា៖ “មូលហេតុដែលមានជំនួបផ្ទាល់រវាង​ក្រុមមេធាវីរាជរដ្ឋាភិបាល ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ គោលដៅសំខាន់គឺ​ត្រូវមានការប្រគល់ទទួលសិទ្ធិ។ នេះជាការ​អនុវត្តច្បាប់ ដែល​ច្បាប់​កំណត់​ត្រូវ​តែ​មានការ​​ប្រគល់សិទ្ធិ ទើប​មេធាវី​អាច​​ដំណើរការ​ជួយការពារក្តី​ទៅ​តាម​នីតិវិធី​​របស់​តុលាការ​បាន។ ម្យ៉ាងទៀត ក្នុងជំនួបនេះ​ក៏​ផ្តោតសំខាន់​ទៅ​លើ​ការប្រមូល​​យក​ឯកសារ​ភស្តុតាង​ដែល​ប្រជាពលរដ្ឋ ​បាន​ដាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ហើយ​ទទួល​នូវ​ការ​រងគ្រោះ​នេះ”។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បាន​សម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងគម្រោងអតីតឧកញ៉ា ឡេងចាន់ណា ខណៈសម្តេចក៏បានស្នើឱ្យ​មេធាវី​រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ ខិតខំការពារផលប្រយោជន៍ជូន​ពលរដ្ឋរងគ្រោះ​ពីគម្រោងនេះ​ផងដែរ។

គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ត្រូវបាន​សមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញថា ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួប​ប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាឱ្យកម្លាំង​សមត្ថកិច្ច​អនុវត្តច្បាប់​ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការ​តាមនីតិវិធីជាធរមាន។

ជាមួយគ្នានោះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមាន​ព្រះរាជក្រឹត្យ​ចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕