សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចបន្ថែមភារកិច្ចជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះដែរ បានសម្រេចផ្ទេរនិងចាត់តាំង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ មកជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ ចំណែកឯ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានចាត់តាំង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ដោយឡែក សម្រាប់ការងារគណបក្សវិញ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក៏បានចេញសេចក្តីសម្រចចាត់តាំង ឯកឧត្តម ហួត ហាក់ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ (បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ផងដែរ។
សូមជម្រាបថា ឯកឧត្តម ហួត ហាក់ វ័យ៥១ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។ លោកក៏បានបន្តការសិក្សា បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston ប្រទេសអង់គ្លេសនៅឆ្នាំ២០០៨ ព្រមទាំងការសិក្សាវគ្គផ្សេងៗនៅតាមបណ្តាប្រទេសស៊ីវិល័យជាច្រើនទៀត។
ចំពោះប្រវត្តិការងារ លោក ហួត ហាក់ ធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ជាអនុរដ្ឋលេខាធិការរ យៈពេល ១០ឆ្នាំ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ច មុននឹងក្លាយជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី កាលចុងឆ្នាំ២០២៣។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈដែល ឯកឧត្តម សុខ សូកេន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕