ប្រទេសម៉ាឡេស៊ី បានទទួលស្វាគមន៍ចំពោះសំណើវិនិយោគក្នុងមានតម្លៃ ១៤,៧ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក រួមមាន Google, Microsoft, Enovix Corporation, Amazon Web Services, Abbott Laboratories និង Boeing ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញសំណើវិនិយោគនេះ ត្រូវបានធ្វើឡើង អំឡុងពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីពេលថ្មីៗកន្លងទៅ។
ទន្ទឹមនឹងនេះ លោក Blinken ក៏បានសង្កត់ធ្ងន់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ទៅលើប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំក្រោយ និងថែមទាំងបានពិភាក្សាអំពីឱកាសសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញស្ថិរភាពក្នុងតំបន់ ក៏ដូចជាគាំទ្រដល់សិទ្ធិសេរីភាព ការបើកចំហ សុវត្ថិភាព ភាពធន់និងវិបុលភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផងដែរ។
មិនតែប៉ុណ្ណោះ យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បានបង្ហាញឲ្យដឹងទៀតថា ទាំងលោក Blinken និងលោក Anwar ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ី នៅក្នុងខួបលើកទី១០ របស់ខ្លួន និងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរផងដែរ៕