រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ទំហំពាណិជ្ជកម្មរបស់កម្ពុជា បានកើនឡើងជិត៤៧ ពាន់លានដុល្លារ នៅឆ្នាំ២០២៣

សង្គម​ និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ជិត ៤៧ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។ នេះបើយោងតាមប្រសាសន៍របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងឱកាសដែលកម្ពុជា រៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)” កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។

ចំពោះដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ក្រសួងពាណិជ្ជកម្មអះអាងថា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។

បន្ថែមពីក្រសួងពាណិជ្ជកម្ម បានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមគ្នានេះ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ផងដែរ។

សូមបញ្ជាក់ដែរថា ការចូលជាសមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងពាណិជ្ជកម្ម៕ អត្ថបទ៖ រង្សី