របាយការណ៍ផ្លូវការ៖ «មាស ច្រើន​ជាង ១៧០ តោន​​ត្រូវបាន​​ចរា​ចរ​លើ​ទីផ្សារ​ក្នុងប្រទេសតំបន់អាស៊ាន»

អន្តរជាតិ

មាស គឺជាប្រភេទមួយនៃទុនបម្រុងអន្តរជាតិ និងជាទ្រព្យសកម្មរក្សាទុកដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ មាស ជាធនធានដ៏មានតម្លៃនិងមានឥទ្ធិពលលើវិស័យហិរញ្ញវត្ថុទាំងនៅក្នុងតំបន់អាស៊ាននិងពិភព លោកផងដែរ។ នៅអាស៊ាន មាស អាចរាប់ចូលជាជន្ទល់មួយដ៏រឹងមាំទ្រទ្រង់សេដ្ឋកិច្ចនិងរក្សាតម្លៃរូបិយប័ណ្ណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសំណេររបស់លោក Andrew Naylor នាយកប្រតិបត្តិក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ថា តម្រូវការមាសក្នុងតំបន់អាស៊ាន គឺមានសន្ទុះកើនឡើងខ្លាំងស្របតាមនិន្នាការពិភពលោក។ គិតត្រឹមឆ្នាំ ២០២៣ ដល់ ២០២៤ របាយការណ៍ស្រាវជ្រាវពីទំនោរតម្រូវការមាសទូទាំងពិភពលោក បានបង្ហាញថា «មាស ចំនួនច្រើនជាង ១៧០ តោនត្រូវបានចរាចរលើទីផ្សារក្នុងប្រទេសជាសមាជិកអាស៊ាន។ មាស បានចាក់ឬសយ៉ាងជ្រៅនៅក្នុងការជួញដូរនៅអាស៊ានរាប់សតវត្ស​ហើយ។»

មិនត្រឹមតែជាទីផ្សារផ្គត់ផ្គង់តម្រូវការមាសដ៏ធំប៉ុណ្ណោះទេ អាស៊ាន បានជួញដូរមាសក្នុងរូបភាពផ្សេងៗទៀត តួយ៉ាង ប្រទេសឥណ្ឌូនេសុី និងហ្វីលីពីន ជាឃ្លាំងផ្ទុកនិងប្រតិបត្តិការជីកមាសដ៏ធំប្រចាំតំបន់ ឯប្រទេសសឹង្ហបុរី ជាទីផ្សារជួញដូរមាសនិងជាមជ្ឈមណ្ឌលមាសប្រចាំតំបន់ ខណៈដែលប្រទេសថៃ និងកម្ពុជា ជាជង្រុកនៃការកែច្នៃមាសទៅជាគ្រឿងអលង្ការសម្រាប់លំអរ។ រីឯប្រទេសវៀតណាម ជាប្រទេសដែលផ្គត់ផ្គង់មាសច្រើនជាងគេបំផុតនៅតំបន់អាស៊ាន។

“មនុស្សទិញមាស ដើម្បីរក្សាតម្លៃរបស់វា តួយ៉ាងដូចជា ការទិញគ្រឿងអលង្ការទុកធ្វើជាកេរមរតក ឬសម្រាប់បន្សល់ទុកជាទ្រព្យតជំនាន់ពីជំនាន់មួយទៅជំនាន់មួយទៀតក្នុងវង់ត្រកូល។” នេះបើតាមការលើកឡើងពី សាស្រ្តចារ្យសេដ្ឋកិច្ចលោក Arvind Sahay និងជាអតីតនាយកប្រតិបត្តិមជ្ឈមណ្ឌល India Gold Policy Center ។

ព័ត៌មានទាក់ទិននឹង មាស យើងសូមលើកយកបច្ចុប្បន្នភាពពីហាងឆេងមាសនៅកម្ពុជា នៅថ្ងៃអង្គារ ទី១៥ ខែតុលាឆ្នាំ ២០២៤ មាសបានហក់ឡើងដល់ ២.៦៤៩ ដុល្លារក្នុង១អោន ឬ ៣.១៩១ ដុល្លារក្នុង១តម្លឹង។ ហាងឆេងនេះជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតម្លៃមាស​នៅ​កម្ពុជា និង​អាច​កើន​ឡើង​កាន់​តែ​ខ្ពស់​បន្ថែម​ទៀតនៅចុងឆ្នាំ ២០២៤ ។ នេះបើយោងតាមទីផ្សារជួញដូរមាសនិងហាងឆេងមាសមួយចំនួននៅភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ៖ តម្លៃមាសនៅថ្ងៃទី១៥ ខែតុលានេះ រក្សាតម្លៃថេរដដែល
ដកស្រង់និងប្រែសម្រួលពី៖ Link