ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រសួងការពារជាតិ ឱ្យបន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាកត្តាអាទិភាព ដើម្បីជំរុញធនធានមនុស្សក្នុងវិស័យការពារជាតិឱ្យមានសមត្ថភាពខ្ពស់។សម្តេចធិបតី ស្នើបែបនេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោក កាលព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ សម្តេចបវរធិបតី បានស្នើក្រសួងការពារជាតិ បន្តយកចិត្តទុកដាក់លើការហ្វឹកហ្វឺនជាកត្តាអាទិភាព ព្រោះការហ្វឹកហ្វឺនជាការផ្ទេរបទពិសោធន៍ និងចំណេះដឹងក្នុងជួរកងទ័ព តាមរយៈការពង្រឹងឯកសារយោធាចារ្យ និងសាលាហ្វឹកហ្វឺន ជាពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលផ្តល់ផលយ៉ាងហោច ៣ យ៉ាង គឺ៖ ១. ដើម្បីបំពេញលើយុទ្ធវិធីសំខាន់ៗ ដោយប្រើប្រាស់អាវុធធម្មជាតិក្នុងកាលៈទេសៈចាំបាច់, ២. ដើម្បីរក្សាសុខភាពរឹងមាំ, និង ៣. ដើម្បីចូលរួមភិរក្ស និងជំរុញការផ្សព្វផ្សាយនូវក្បាច់គុនរបស់បុព្វបុរសយើង ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាឱ្យកងទ័ពជើងគោកត្រៀមលក្ខណៈចូលរួមគាំទ្រដល់កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដើម្បីទប់ស្កាត់នូវរាល់បទល្មើសធនធានធម្មជាតិ និងបទល្មើសនានា។ សម្តេចក៏បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈនេះ គឺដើម្បីធានាដល់សន្តិសុខជាតិ នាពេលខាងមុខ ដែលឆ្លើយតបទៅនឹងការប្រែប្រួលស្ថានភាពនៃបទល្មើស ទាមទារឱ្យមានការយកចិត្តទុកខ្ពស់ និងបង្កើនការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ ដែលនាំមកនូវហានិភ័យ និងប៉ះពាល់ដល់សន្តិសុខជាតិ។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានចាត់ទុកថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ ដែលគិតចាប់តាំងពីឆ្នាំ២០០៥ មកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជាប្រមាណជិត១ម៉ឺននាក់ ទៅកាន់១០ប្រទេស ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពពិភពលោកផងដែរ៕