ភាគហ៊ុនក្រុមហ៊ុនអវកាសធំៗ ហក់ឡើងខ្ពស់ ក្រោយ Elon Musk ជោគជ័យលើការតេស្តបង្ហោះយាន Starship របស់ខ្លួន

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអវកាសធំៗ ត្រូវបានគេមើលឃើញថា បានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូល Elon Musk ទទួលបានភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការតេស្តសាកល្បងបាញ់បង្ហោះយាន Starship លើកទីប្រាំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MarketWatch។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា កាលពីពេលថ្មីៗនេះ SpaceX ទទួលបានភាគជ័យនៃការចាប់យករ៉ុក្កែត Super Heavy Booster ដែលរុញយាន Starship ទៅកាន់លំហរនោះ អាចចុះចត​មកកាន់ជើងទម្រដែលមានដៃចាប់ នៅលើផ្ទៃផែនដីវិញ ដោយរលូននិងសុវត្ថិភាពបំផុត ជាមួយនឹងការរក្សារូបរាងបានទាំងស្រុង ខណ:ការធ្វើតេស្តមុនៗ គឺបានត្រឹមចុះចតនៅក្នុងសមុទ្រ និងត្រូវបានបំផ្ទុះចោលលើអាកាស ប៉ុណ្ណោះ។

យ៉ាងណាមិញ ភាពជោគជ័យដ៏ធំនៃការតេស្តសាកល្បងរបស់ក្រុមហ៊ុន ​SpaceX លើកនេះ ហាក់កំពុងទាញចំណាប់អារម្មណ៍កាន់តែខ្លាំងមកលើវិស័យអវកាសបន្ថែមទៀត ក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអវកាសជាច្រើន កំពុងកើនឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សារ។

មួយក្នុងចំណោមននោះ ភាគហ៊ុនរបស់ក្រុមហ៊ុនរុករកអវកាស Intuitive Machines Inc. បានកើនឡើង ១,៦% ខណៈក្រុមហ៊ុន AST SpaceMobile Inc ក៏បានកើនឡើងដល់ប្រហែល ០,៥% ផងដែរ។

ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនរបស់ Rocket Lab USA បានកើនឡើង ០,៩% ខណៈពេលដែលភាគហ៊ុនរបស់ Redwire Corp ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ឧបករណ៍អវកាស បានកើនឡើង ៣,២%។ ដោយឡែក ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍អវកាស Virgin Galactic Holdings ក៏ឃើញថាភាគហ៊ុនរបស់ពួកគេ កើន ០,២% ផងដែរ៕