យោងតាមក្រុមមន្ត្រីប៉ូលីស និងប្រភពផ្លូវច្បាប់ជាច្រើន បាននិយាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ថា មហាសេដ្ឋីរុករករ៉ែជនជាតិអ៊ីស្រាអែល លោក Beny Steinmetz ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅក្នុងប្រទេសក្រិក ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសនេះឡើយ ខណ:រូបលោក កំពុងរង់ចាំការសម្រេចចុងក្រោយរបស់តុលាការ លើដីកាចាប់ខ្លួនដែលស្នើឡើងដោយប្រទេសរ៉ូម៉ានី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បាននិយាយទៀតថា លោក Steinmetz ត្រូវបានក្រុមប៉ូលីសរបស់ប្រទេសក្រិក ចាប់ឃាត់ខ្លួន ពោលគឺនៅត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Athens ពីទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃអាទិត្យ។
មន្ត្រីប៉ូលិសក្រិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដីកាចាប់ខ្លួនមួយត្រូវបានដាក់ចេញនៅទូទាំងអឺរ៉ុបប្រឆាំងទៅនឹងលោក Steinmetz តាមរយ:រដ្ឋាភិបាលរ៉ូម៉ានី ជុំវិញការចោទប្រកាន់លើមហាសេដ្ឋីរូបនេះ ពីបទចូលរួមក្នុងគម្រោងអំពើពុករលួយដ៏ធំមួយ នៅក្នុងប្រទេសរ៉ូម៉ានី។
ក្រោយការចាប់ខ្លួន បុរសវ័យ ៦៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញាដែលបានសម្រេចថាលោក Steinmetz គួរតែត្រូវដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចាកចេញពីប្រទេសនោះឡើយ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយរបស់ក្រុមប្រឹក្សាតុលាការក្រិក លើការចាប់ខ្លួនជាផ្លូវការ និងធ្វើបត្យាប័នបន្ត។
ជម្រាបជូនថា កាលពីឆ្នាំមុន អាជ្ញាធររ៉ូម៉ានីបានចោទប្រកាន់លោក Steinmetz ពីបទបង្កើតក្រុមឧក្រិដ្ឋជនដែលបានរៀបចំ និងធ្វើការលាងលុយកខ្វក់ នៅក្នុងករណីជាច្រើន ដែលធ្វើឲ្យរដ្ឋាភិបាលក្រុង Bucharest ខាតបង់ទឹកប្រាក់សរុបចំនួន ១៤៥លានដុល្លារ។ ហើយបើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Steinmetz មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១ពាន់លានដុល្លារ៕