នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ ក្រោមទុនវិនិយោគតម្លៃ ១,៣៤១.៨៩លានដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទមសាគរ ខេត្តកោះកុង។
ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំងធំជាងគេបំផុតនៅកម្ពុជា នាព្រឹកនេះ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន យ៉ាងច្រើនកុះករ។ ជាមួយគ្នានោះ គេក៏ឃើញមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗមួយចំនួន បានអញ្ជើញចូលរួមផងដែរ រួមមាន៖ លោកអ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា ហេង សៀ, អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា អ៊ាន អេឡែន, អ្នកឧកញ៉ា សុខ ស្រស់, ឧកញ៉ា លឹម សុជាតិ, ឧកញ៉ា ទេព កុលាប និងឧកញ៉ា នួន ពេជ្រសុផល ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញ អ្នកមុខអ្នកការជាច្រើនរូបទៀត។
រោងចក្រអគ្គិសនី ប្រើប្រាស់ឧស្ម័នធម្មជាតិដែលវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងក្លាយជារោងចក្រផលិតថាមពលអគ្គិសនីធំបំផុតនៅកម្ពុជា ដែលគ្រោងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ និងគ្រោងដាក់ឱ្យដំណើរការដំណាក់កាលដំបូងនៅខែមេសា ឆ្នាំ២០២៧ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា។
គួរបញ្ជាក់ថា កន្លងមក កម្ពុជាបានទិញថាមពលអគ្គីសនីជាច្រើនពីបណ្តាប្រទេសជិតខាងដូចជា ឡាវ ថៃ និងវៀតណាម ដូច្នេះរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកក្នុងការវិនិយោគលើថាមពលអគ្គីសនីឱ្យបានច្រើន ដើម្បីអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។ រោងចក្រអគ្គិសនីកម្លាំង ៩០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏នឹងជួយជំរុញសេដ្ឋកិច្ចជាតិ ជួយទាក់ទាញអ្នកវិនិយោគ ព្រមទាំងបង្កើតការងារយ៉ាងច្រើននៅមូលដ្ឋានផ្ទាល់ផងដែរ៕