ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ទាំងផ្នែករាជរដ្ឋាភិបាល ផ្នែកឯកជន និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ ជាច្រើនរូបផងដែរ បានបើកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៃក្រុមការងារ “ច” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានាពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។
ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា កម្ពុជាបើកចំហស្វាគមន៍ការចូលរួមវិនិយោគពីគ្រប់តួអង្គពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សំដៅឈានឆ្ពោះសម្រេចបាននូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ហ្សាលីន